លោក Jeffrey Feltman ប្រធានកិច្ចការនយោបាយរបស់អង្គការសហប្រជាជាតិបានធ្វើដំណើរទស្សនៈកិច្ចដ៏កម្រទៅកាន់ទីក្រុងព្យុងយ៉ាងនៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយរបស់ BBC។
នេះគឺជាការធ្វើដំណើរទស្សនៈកិច្ចលើកដំបូងបំផុតរបស់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិទៅកាន់កូរ៉េខាងជើងក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ។
ដំណើរទស្សនៈកិច្ចនេះកើតឡើង បន្ទាប់ពីកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងបានជោគជ័យនូវមីស៊ីលរយៈចំងាយឆ្ងាយកាលពីសប្តាហ៏មុន ដែលរដ្ឋកុម្មុនិស្តនេះបានអះអាងថា មីស៊ីលអាចមានសមត្ថភាពវាយប្រហារអាមេរិចបានទាំងមូល។
Jeffrey Feltman ដែលជាអតីតអ្នកការទូតអាមេរិច និងជាមន្ត្រីអាមេរិចជាន់ខ្ពស់បំផុតនៅអង្គការសហប្រជាជាតិ នឹងស្នាក់នៅទីក្រុងព្យុងយ៉ាងរហូតដល់ថ្ងៃសុក្រ។ ដំណើរទស្សនៈកិច្ចនេះក៏គាប់ជួនផងដែរ ខណៈពេលអាមេរិច និងកូរ៉េខាងត្បូងកំពុងធ្វើសមយុទ្ធដែនអាកាសទ្រង់ទ្រាយធំបំផុតដែលមិនធ្លាប់មានពីមុនមក។
បើតាមអ្នកនាំពាក្យអង្គការសហប្រជាជាតិបានឲ្យដឹងថា លោក Jeffrey Feltman នឹងធ្វើការជួបពិភាក្សាជាមួយនឹងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង រួមមាន រដ្ឋមន្ត្រីការបរទេស Ri Yong-ho និងធ្វើការពិភាក្សាជាលើបញ្ហាគោលនយោបាយស្តីពីបញ្ហាផលប្រយោជន៏ និងកង្វល់របស់គ្នាទៅវិញទៅមក។
លោកនឹងមិនមានគំរោងជួបជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុននោះទេ។
ដំណើរទស្សនៈកិច្ចរបស់លោក កើតឡើងក្នុងកំឡុងពេលមានភាពតានតឹងកាន់តែខ្លាំងដោយសារតែការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង ដែលទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៏អន្តរជាតិ៕ សុភ័ក្ត្រ