ប៉ូលិសថៃឱ្យដឹងថា ពួកគេពិតជាមានអារម្មណ៍តក់ស្លុតចំពោះព័ត៌មាន«សាច់មនុស្សត្រូវបានច្នៃជាម្ហូបអាហារ» ក្នុងហាងម្ហូបបួសមួយនៅក្រុងបាងកក ដែលត្រូវបានព័ត៌មានបរទេសចុះផ្សាយអំឡុងពេលថ្មីៗនេះ។

នៅស្នាក់ការកណ្តាលរបស់ប៉ូលិសភូមិន្ទថៃ លោក Surachate Hakparn អនុប្រធានប៉ូលិសទេសចរណ៍ នៅថ្ងៃទី២ ខែវិច្ឆិកា បានរៀបចំសន្និសីទសារព័ត៌មានមួយ ជុំវិញករណីដែលប្រព័ន្ធផ្សព្វផ្សាយបរទេសបានចេញផ្សាយ អត្ថបទស្តីពីហាងម្ហូបបួសមួយនៅតំបន់ Lat Krabang បានធ្វើអាហារដែលមាន«សាច់មនុស្ស»។
លោក Surachate ឱ្យដឹងថា ប៉ូលិសថៃពុំមានព័ត៌មាន ក៏ដូចជាពុំធ្លាប់ឃើញរបាយការណ៍អំពីករណីត្រូបានចាត់ទុកថា គួរឱ្យតក់ស្លុតនេះពីប៉ូលិសមូលដ្ឋាននៅបាងកកឡើយ។
លោកSurachate ដែលបច្ចុប្បន្នមានតួនាទីជាអគ្គស្នងការប៉ូលិសស្តីទី បានប្រាប់អ្នកសារព័ត៌មានថា ដើម្បីឱ្យប្រាកដប្រជា ក៏ដូចជាមិនបង្កភាពរំជើបរំជួល យើងខ្ញុំបានឱ្យធ្វើការស៊ើបអង្កតថាតើពិតជាមានករណីបែបនេះក្នុងតំបន់បាងកកដែរឬទេ។ លោកពោលបន្ថែមថា នេះក៏អាចជាព័ត៌មានចចាមអារ៉ាម ហើយប្រសិនបើបែបនេះមែននោះ ប្រភពព័ត៌មាននេះត្រូវបានចាត់ទុកជាការរំលោភបំពានលើបទកំណត់អំពីសន្តិសុខប្រព័ន្ធ និងការឃោសនាព័តមាន លើ Internet ។
ព័ត៌មានអំពីហាងម្ហូបបួសនៅផ្លូវ Romklao 25/6 ដែលជំនាញបម្រើអាហារបួស ឃើញមានលាយឡំ«វត្ថុចម្លែក»បានរីកសុសសាយពេញប្រព័ន្ធInternet។ តាមព័ត៌មានដែល Newsweek ដកស្រង់ពីAsia One ដែលលេចឡើងកាលពីដើមសប្តាហ៍ឱ្យដឹងថា «វត្ថុចម្លែក» គឺជាសាច់របស់អតិថិជនអាយុ៦១ឆ្នាំម្នាក់។ អតិថិជនរូបនេះត្រូវបានបញ្ជាក់ថាឈ្មោះ Prasit Inpathom ។
កាសែតនេះនូវបានឱ្យដឹងពីសាក្សីមួយចំនួនថា គេបានឃើញលោក Prasit Inpathom ចូលមកហាងម្ហូបបួសនេះនៅថ្ងៃទី២១តុលា ហើយក្រោយមកគេលែងឃើញវត្តមានលោកទៀត។ អ្នកទាំងនោះមានការសង្ស័យ ហើយក៏រាយការណ៍ប្រាប់ប៉ូលិស។
កាសែតខាងលើលើកឡើងថា «ការពិតគួរឱ្យតក់ស្លុត»នេះ ត្រូវបានគេរកឃើញគឺ៖ លោកPrasit Inpathom បានត្រូវម្ចាស់ហាងម្ហូបបួសនេះសម្លាប់បន្ទាប់ពីជម្លោះមួយដែលគេមិនដឹងច្បាស់អំពីមូលហេតុ។សាកសពរបស់ ជនរងគ្រោះត្រូវបានបោះចូលក្នុងអណ្តូងមួយនៅក្រោយផ្ទះ ហើយផ្នែកខ្លះក្នុងសរីរាង្គបុរសនេះត្រូវបានគេឃើញក្នុងចង្ក្រាន។
Newsweek បានសម្តែងការងឿងឆ្ងល់ថា ហេតុការណ៍កក្រើករញ្ជួយបែបនេះ ហេតុអ្វីបានជាពុំឃើញប្រព័ន្ធផ្សព្វផ្សាយចុះផ្សាយព័ត៌មានអ៊ីចឹង?៕សូយន