ប្រអប់ខ្មៅដែលកត់ត្រាអំពីទិន្នន័យអំពីការហោះហើរ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ជាហេតុធ្វើឱ្យដំណើរការស៊ើបអង្កេត របស់ឥណ្ឌូណេស៊ីជួបប្រទះការលំបាកច្រើនទៀត។

លោក Haryo Satmiko អនុប្រធានគណៈកម្មាធិការសុវត្ថិភាពគមនាគមន៍ជាតិឥណ្ឌូណេស៊ីប្រាប់ Reuters ថា យើងខ្ញុំនៅពុំទាន់អាចទាញយក (Download) ពីប្រអប់ខ្មៅបានឡើយទេ ព្រោះផ្នែកមួយចំនួនត្រូវបែកខ្ទេច»។
មជ្ឈដ្ឋានអ្នកជំនាញការលើកឡើងថា ការដែលប្រអប់ខ្មៅរងសភាពខូចខាតបែបនេះ ធ្វើឱ្យដំណើរការស៊ើបអង្កេតពិត ជាលំបាក។ លោកSatmiko ប្រាប់ថា សមត្ថកិច្ចឥណ្ឌូណេស៊ីកំពុងរង់ចាំជំនួយពីអ្នកជំនាញការអាមេរិក ឬក្រុមហ៊ុន Boeing ដើម្បីដោះស្រាយឧបសគ្គខាងលើ។
ប្រអប់ខ្មៅដែលរកឃើញនៅបាតសមុទ្រកាលពីម្សិលមិញនេះ ត្រូវបានគេផលិតឡើងមានសមត្ថភាពការពារការប៉ះទង្គិចខ្លាំងបាន ប៉ុន្តែការខូចខាតជាក់ស្តែងបង្ហាញឱ្យឃើញថាកម្លាំងប៉ះទង្គិចពេលយន្តះហោះធ្លាក់ចុះសមុទ្រពិតជាខ្លាំងសម្បើមណាស់ ធ្វើឱ្យប្រអប់ខ្មៅរងការខូចខាតបែបនេះ។ ការប៉ះទង្គិចយ៉ាងនេះទើបធ្វើឱ្យយន្តហោះបែកជាបំណែកតូចៗ ហើយសាកសពជនរងគ្រោះក៏ដូចគ្នាដែរ។
បណ្តាយន្តហោះស៊ីវិលតែងត្រូវបានបំពាក់ប្រអប់ខ្មៅ២។ប្រអប់ទី១កត់ត្រាទិន្នន័យអំពីដំណើរហោះហើរ ដូចជាល្បឿន រយៈកម្ពស់។ល។ ក្នុងពេលដែលប្រអប់ខ្មៅទី២នឹងកត់ត្រាទុកស្នូរសំឡេងក្នុងបន្ទប់បញ្ជាការហោះហើរ។ ប្រអប់ខ្មៅដែលរកឃើញគឺជាប្រអប់ខ្មៅកត់ត្រាទិន្នន័យ រីឯប្រអប់ខ្មៅទី២ដែលកត់ត្រាសំឡេងនៅពុំទាន់រកឃើញទេ។ ខាងក្រោមជាឃ្លីបបង្ហាញឱ្យឃើញទិដ្ឋភាពនៅបាតសមុទ្រកន្លែងដែលយន្តហោះធ្លាក់។
កន្លងមក តាមអាជ្ញាធរឥណ្ឌូណេស៊ីមានការបង្ហោះឃ្លីបនិងរូបភាពក្លែងបន្លំជាច្រើន ដោយផលិត ឬយករឿងផ្សេង ហើយសរសេរថាជាការកើតឡើងចំពោះយន្តហោះដែលរងគ្រោះបណ្តាលឱ្យមនុស្ស១៨៩ នាក់ស្លាប់។ វាជាអំពើប្រមាថដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលបានស្លាប់យ៉ាងអាណោចអាធ័ម។
ខាងក្រោមគឺជាឃ្លីបបង្កើតឡើងតាមរយៈទិន្នន័យចុងក្រោយដែលទទួលបាន រួចបង្កើតជាឃ្លីបដើម្បីពន្យល់ដល់ សាធារណជន។ វាពុំមែនជារឿងពិតនោះទេ។
ទិដ្ឋភាពចុងក្រោយរបស់អ្នកដំណើរអភ័ព្វមុនពេលលាចាកលោកទៅ៕លីសា