ស្ត្រីអាមេរិកវ័យ៥៣ឆ្នាំម្នាក់ នៅថ្ងៃទី១២តុលា ពុំអាចគ្រប់គ្រងដៃចង្កូតបានពេលគាត់កំពុងបើកលើផ្លូវជាតិលេខ៦០ ជិតប្រជុំជន Wickenburg, Arizona រួចក៏បុករបាំងផ្លូវជាតិធ្លាក់ចុះរយៈកម្ពស់១៧ម៉ែត្រ ។ ទាំងមនុស្សនិងរថយន្តបានទើរនៅលើដើមឈើមួយ ។

ប៉ូលិសបានឱ្យដឹងនៅថ្ងៃទី៣១តុលាថា ពួកគេបានរកឃើញស្ត្រីនេះនៅមានជីវិតកាលពីថ្ងៃទី១៨តុលា ក្នុងពេលដែលរថយន្តរបស់គាត់ស្ថិតនៅលើដើមឈើ ហើយពុំមានសាក្សីជាក់លាក់ណាមួយបានឃើញហេតុការណ៍នេះ ធ្វើឱ្យសមត្ថកិច្ចចំណាយពេល៦ថ្ងៃទើបបានរកឃើញស្ត្រីរូបនោះ។ វាជាសំណាងរបស់គាត់ ដែលម្ចាស់កសិដ្ឋាននិងអ្នកថែទាំផ្លូវនៅថ្ងៃ១៨តុលាបានប្រទះឃើញរបាំងផ្លូវត្រូវខូចខាត ហើយក៏ងឿងឆ្ងល់ ចុះសម្លឹងមើល ក៏ឃើញរថយន្តក្រពឹតខ្ទេចស្ថិតនៅខាងក្រោម។ពួកគេពុំបានឃើញអ្នកណានៅក្នុងរថយន្តនោះទេ តែបានសម្លឹងឃើញ«ដានជើងមនុស្ស»ឆ្ពោះទៅរកទន្លេមួយ។បន្ទាប់ពីដើរតាមដានជើងនោះប្រមាណ៤៥០ម៉ែត្រ ពួកគេក៏បានឃើញស្ត្រីម្នាក់បាត់បង់ជាតិទឹកយ៉ាងធ្ងន់ធ្ងរនិងមានស្នាមរបួសជាច្រើន។ជនរងគ្រោះបានឱ្យដឹងថា ខ្លូនបានស្ថិតនៅក្នុងរថយន្តប៉ុន្មានថ្ងៃមុន បន្ទាប់មកក៏លូនចេញក្រៅ ហើយវារឆ្ពោះទៅរកផ្លូវ បំណងឱ្យគេមើលឃើញ។ ប៉ុន្តែអ្នកស្រីមិនអាចអនុវត្តន៍បំណងនេះបានឡើយ។
ជនរងគ្រោះត្រូវបានឧទ្ធម្ភាគចក្រប៉ូលិសបញ្ជូនទៅកាន់មន្ទីរពេទ្យ៕
សូយន