ជាការពិតណាស់ បច្ចុប្បន្ននេះ គេសង្កេតឃើញថា មានគ្លីនិកកែសម្ផស្សជាច្រើនត្រូវបានបើក ជាពិសេសនៅក្នុងប្រទេសថៃ ដើម្បីសម្របតាមសេចក្តីប្រាថ្នាចង់បានភាពស្រស់ស្អាត សម្រាប់មនុស្សសម័យថ្មី។ ប៉ុន្តែ ទន្ទឹមនឹងនេះផងដែរ អ្នកក៏គួរតែទៅកាន់គ្លីនិកដែលមានស្តង់ដា បច្ចេកទេសត្រឹមត្រូវ និងគ្រូពេទ្យមានជំនាញច្បាស់លាស់ ជាជាងទៅកាន់កន្លែងតម្លៃថោក ហើយមិិនមានការធានាត្រឹមត្រូវ ដែលជាហេតុនាំឲ្យអ្នកត្រូវប្រឈមមុខជាមួយលទ្ធផលសោកស្តាយ និងមានវិប្បដិសារីអស់មួយជីវិត។ ជាក់ស្តែង ដូចជាស្ត្រីម្នាក់នេះអ៊ីចឹងនៅក្នុងប្រទេសថៃ ឃើញហើយគឺពិតជាគួរឲ្យអាណិតខ្លាំងណាស់ ព្រោះថាក្រោយពីគាត់បានទៅវះកាត់កែខ្ទង់ច្រមុះនៅគ្លីនិកមួយនោះ ស្រាប់តែលទ្ធផលបែរជាបែបនេះ។
តាមកាសែត The Sun បានរាយការណ៍ឲ្យដឹងថា ស្ត្រីជនជាតិថៃដែលត្រូវបានបញ្ចេញឈ្មោះម្នាក់ បានសម្រេចចិត្តទៅវះកាត់កែច្រមុះ តាមរយៈការបណ្តុះស៊ីលីកូនចូលទៅក្នុងច្រមុះរបស់នាង ដើម្បីឲ្យទទួលបានក្តោងច្រមុះស្រួចស្អាត នៅឯគ្លីនិកមួយក្នុងទីក្រុង ហាតយ៉ៃ (Hat Yai) ភាគខាងត្បូងប្រទេសថៃ។
គ្លីនិកវះកាត់កែសម្ផស្សនោះ ក៏ត្រូវបានដឹងថា បានផ្តល់ជូននូវតម្លៃវះកាត់កែសម្ផស្សផ្នែកច្រមុះនេះ ក្នុងតំលៃថោក។ តែទោះយ៉ាងណា ក្រោយទទួលការវះកាត់ប៉ុន្មានថ្ងៃផង ស្ត្រីជនជាតិថៃរូបនេះ ក៏ស្រាប់តែបានឆ្លងមេរោគនៅក្នុងច្រមុះច្រមុះ មុនពេលខ្ទង់ជ័រចាប់ផ្តើមហើបចេញក្រៅ។
បន្ទាប់មក ស្ត្រីរងគ្រោះក៏បានវិលត្រឡប់ទៅគ្លីនិកវះកាត់កែសម្ផស្សនោះ ដែលជាកន្លែងដែលនាងបានធ្វើ ដើម្បីទទួលជំនួយ ប៉ុន្តែ អ្វីដែលហួសចិត្តបំផុតនោះ គឺពួកគេបានបដិសេធព្យាបាលឲ្យនាងឡើយ។
គ្លីនិកវះកាត់កែសម្ផស្សនោះ ក៏ថែមទាំងបានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកមួយថា ពួកគេមិនទទួលខុសត្រូវចំពោះនីតិវិធីដែលបរាជ័យនោះទេ ដូច្នេះពួកគេ “បដិសេធមិនជួយនាង” ។
ក្រោយពីបានឃើញដ៏គួរឲ្យអាណិតអាសូរខ្លាំងពេក ចំពោះស្ថានភាពលំបាករបស់នាង ទីបំផុតគ្លីនិកវះកាត់កែសម្ផស្សមួយនៅទីក្រុងបាងកក ក៏បានសម្រេចចិត្តជួយព្យាបាលវះកាត់យកស៊ីលីកូននោះចេញពីក្នុងច្រមុះស្ត្រីនោះ ដោយឥតគិតថ្លៃ។
ជាលទ្ធផលក្រោយដកយកចេញស៊ីលីកូន នៅចន្លោះភ្នែកខាងស្តាំ និងខាងឆ្វេងរបស់នាង បានលេចចេញប្រហោងដ៏ធំមួយគួរឲ្យរន្ធត់។
គេពុំបានដឹងច្បាស់ថា គ្រូពេទ្យដែលមានទឹកចិត្តដ៏ល្អនោះ នឹងជួយជួសជុលការខូចខាតនៅលើច្រមុះរបស់នាងយ៉ាងដូចម្តេចទៀតនោះទេ។ ហើយក៏មិនបានដឹងដែរថា តើស្ត្រីនោះនឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងគ្លីនិកនេះដែរ ឬយ៉ាងណា។
យ៉ាងណាមិញ រូបភាពរបស់នាង ក៏ត្រូវបានចែករំលែកយ៉ាងផុសផុលពេញបណ្តាញសង្គម នៅក្នុងប្រទេសថៃ ដើម្បីទុកជាការព្រមានដល់អ្នកដទៃ ដែលមានបំណងស្វែងរកគ្លីនិកវះកាត់ប្លាស្ទិចដែលមានតំលៃថោកបែបនេះ៕ ដោយ៖ លឹម ហុង