លោកយាយម្នាក់អាយុ ៨៨ ឆ្នាំ នៅក្នុងប្រទេសថៃ បានកំពុងល្បីល្បាញជាមួយការកោតសរសើរជាខ្លាំង លើបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីគាត់បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ កាលពីដើមខែនេះ។
លោកយាយ Sathaporn Phrom Sri ជាអ្នកធ្វើការផ្នែកសង្គមម្នាក់ បានចុះឈ្មោះក្នុងកម្មវិធីសិល្បៈសេរី នៅសាកលវិទ្យាល័យ Chiang Mai Rajabhat ក្នុងអាយុ ៨០ ឆ្នាំ។
យោងតាមអ្នកប្រើហ្វេសប៊ុកឈ្មោះ Thanaphat Nawakaew ជានិស្សិតម្នាក់នៅសាកលវិទ្យាល័យបានឲ្យដឹងថា លោកយាយ Sathaporn បានបញ្ចប់ការសិក្សានៅអាយុ ៨៤ ឆ្នាំ ហើយបានទទួលសញ្ញាប័ត្រជាផ្លូវការនៅ ៨៨ ឆ្នាំ។
លោកយាយត្រូវបានគេរាយការណ៍ថា បានចូលរួមថ្នាក់រៀននៅចុងសប្តាហ៍ ហើយបើទោះពេលខ្លះលោកយាយមានអារម្មណ៍ថាមិនស្រួលខ្លួន ក៏គាត់មិនដែលខកខានការសិក្សានោះទេ។
លោកយាយ Sathaporn ទទួលបានពិន្ទុមធ្យម ២,២៤ (GPA) ដែលរួមបញ្ចូលនិទ្ទេស A លើមុខវិជ្ជាពីរ គឺសោភ័ណ្ឌតន្ត្រី និងប្រតិបត្តិការអាជីវកម្មមូលដ្ឋាន។
យោងទៅតាម MGR Online បានឲ្យដឹងថា លោកយាយ Sathaporn គឺជាសិស្សចាស់ជាងគេនៅក្នុងក្រុមរបស់គាត់ ហើយមិត្តរួមថ្នាក់ក្មេងបំផុតរបស់គាត់មានអាយុក្រោមគាត់យ៉ាងហោចណាស់ ៤០ ឆ្នាំ។
លោកយាយបានមានប្រសាសន៍ថា៖ «អ្នកមិនត្រូវគិតថាអ្នកចាស់ហើយហួសពេលសិក្សានោះទេ ទោះបីជាអាយុរបស់អ្នកហួសកំណត់នៃកម្លាំងពលកម្មក៏ដោយ។ ព្រោះថាចំណេះដឹង និងបទពិសោធន៍ គឺគ្មានដែនកំណត់ទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង