ដូចដែលយើងទាំងអស់គ្នា បានដឹងហើយថា នៅក្នុងរដូវប្រាំងនេះ គឺជារដូវមួយដែលអគ្គីភ័យងាយនឹងឆាបឆេះបំផុត ហើយករណីនេះក៏បានកើតឡើងជាបន្តបន្ទាប់ ទៅលើផ្ទះបងប្អូនប្រជាពលរដ្ឋ មិនថានៅក្នុងទីក្រុង និងតាមជនបទស្រុកស្រែនោះទេ។
ជាក់ស្តែងដូចជាអគ្គីភ័យ បានលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយករណីនេះជាដើម គឺយើងពិតជាមានការស្លុតរន្ធត់ខ្លាំងណាស់ នៅពេលផ្ទះថ្មឈើលើ១ខ្នង ត្រូវបានទុកបណ្តោយឲ្យអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈអ្នកជិតខាងបានត្រឹមឆ្លេឆ្លា ពោលគឺពួកគាត់គ្មានវិធីអ្វីដើម្បីពន្លត់ភ្លើងបាន ព្រោះថានៅពេលទៅបើកទឹកគីឡូ ទឹកបើកអត់ចេញទៀត វាពិតជាមហាស្រណោះខ្លាំងណាស់។
ហេតុការណ៍អគ្គីភ័យឆេះផ្ទះដ៏សាហាវនេះ ត្រូវបានដឹងថាបានកើតឡើងទៅលើផ្ទះប្រជាពលរដ្ឋមួយ ស្ថិតនៅម្តុំផ្សារបាក់ដឹង (កំពង់ស្ពឺ) កាលពីថ្ងៃរសៀលទី២២ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ។
ជាមួយគ្នានោះផងដែរ លោកពូម្នាក់ជាអ្នកជិតខាង បាននិយាយនៅក្នុងវីដេអូទាំងអារម្មណ៍តក់ស្លុតបំផុតថា៖ «រកទឹកឯណាបាន បើទឹកគីឡូ ទឹកបើកអត់ចេញ….ម្នាក់ៗប្រើសុទ្ធតែទឹកគីឡូ តែរកទឹកបើកអត់បាន អាញ់ឆ្ងល់ដែរវី! ឆ្លេឆ្លាជាន់តែជើងគ្នា អត់មានអាណាជួយអាណា គ្មានសល់អីទេ ខ្ទេចអស់ហើយ ទៅយកម៉េចទាន់ បើក្តៅម្ល៉ឹងៗ ឆេះអស់បាត់ហើយ គ្មានសល់អីទៀតទេ បើទុយោពេលត្រូវការបាក់អស់អាលីង គ្មានស្អី ហើយទឹកគីឡូបើកលែងចេញទៀត…. បានស្អីលោកអើយលោក! ទោះបីមានឡានទឹកក៏មិនងាយដែរ រហូតផ្សារបាក់ដឹងឯណេះ»។
តែទោះយ៉ាងណា យើងពិតជាមានក្តីអាណិតអាសូរ ទៅដល់ម្ចាស់ផ្ទះខ្លាំងណាស់ ដោយគាត់បានត្រឹមស្រែកទ្រហោយំ ស្តាយស្រណោះផ្ទះដែលខិតខំរកលុយធ្វើទម្រាំបានប៉ុននេះ និងក៏ដូចជាទ្រព្យសម្បត្តិជាច្រើនទៀតនៅក្នុងផ្ទះ ដែលត្រូវបានអគ្គីភ័យលេបត្របាក់គ្មានសល់។
តាមរយៈរូបភាពនេះផងដែរ យើងក៏សូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូននៅតាមតំបន់ជនបទ ដែលជាកន្លែងស្ថិតនៅឆ្ងាយពីកម្លាំងអន្តរាគមន៍ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសនៅក្នុងរដូវប្រាំងនេះដែលងាយទទួលអគ្គីភ័យឆាបឆេះបំផុត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង