នេះជារឿងគួរឲ្យចាប់អារម្មណ៍ និងក៏ចូលរួមគាំទ្រផងដែរ ខណៈដែលពេលថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង បានប្រកាសពីការរៀបចំត្រៀមទម្លាក់ស័ក្តិមន្ត្រីនគរបាលទាំងឡាយណា ដែលដុះក្បាលពោះធំៗដ៏ហួសប្រមាណពេក ដែលមិនស័ក្តិសមជាសមត្ថកិច្ចទាល់តែសោះ។ ការប្រកាសបែបនេះ គឺធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ញើញជាអធិបតីក្នុងពិធីប្រគល់រថយន្តចំនួន ៥០ គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្តចំនួន១៩ នៅក្នុងប្រទេសកម្ពុជា កាលព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។
ទាក់ទងនឹងបញ្ហានេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មានអ្នកព័ត៌មានសួរខ្ញុំថា តើកំណែទម្រង់ពេលណាទើបចប់? ការធ្វើកំណែទម្រង់ត្រូវធ្វើរហូតហ្នឹង! បើមន្ត្រីនគរបាលដុះក្បាលពោះបែបហ្នឹង ទៅចាប់ជនល្មើសឯណាបាន!?»។ ហើយក្នុងឱកាសនោះផងដែរ សម្តេចសម្តេចក្រឡាហោម ក៏បានបង្គាប់ឲ្យមន្ត្រីនគរបាលដុះក្បាលពោះ២រូប ឡើងមកធ្វើកាយវិការទុកជាគំរូ ឲ្យដេកផ្កាប់មុខហាត់ប្រាណ ដោយប្រើកែងដៃទាំងពីរជាទម្រ ដើម្បីសម្រកក្បាលពោះ អស់រយៈពេលប៉ុន្មាននាទីឡើងញ័រជើង ឲ្យដឹងប្រឹង។
ជាមួយនឹងការលើកឡើងពីបញ្ហាត្រៀមទម្លាក់ស័ក្តិមន្ត្រីនគរបាលដុះក្បាលពោះនេះផងដែរ សម្តេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ឲ្យដឹងបន្ថែមថា មិនមែនមានតែការទម្លាក់ស័ក្តិមន្ត្រីនគរបាលដែលដុះក្បាលពោះទេ គឺក្រសួងមហាផ្ទៃ ក៏នៅមានការកំណែទម្រង់ជាច្រើនទៀត ហើយការកំណែទម្រង់នេះផងដែរ គឺនឹងត្រូវធ្វើឡើងតាមរយៈការបង្កើតជាច្បាប់តែម្តង។
គួរបញ្ជាក់ឲ្យដឹងផងដែរថា ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយកងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ក៏បានប្រកាសធ្វើកំណែទម្រង់ដូចនេះផងដែរ គឺលែងឲ្យមានមន្ត្រីនគរបាល ដែល «មិនចេះអក្សរ» នៅក្នុងក្របខណ្ឌបន្តទៀតហើយ ដោយសម្តេចក្រឡាហោម បានលើកយកហេតុផលថា កាលសម័យសង្គ្រាម ការជ្រើសរើសមន្ត្រីនគរបាលគ្រប់ប្រភេទ ឲ្យតែកាន់កាំភ្លើងកើត ប៉ុន្តែនៅសម័យសន្តិភាពនេះ ចំពោះមន្ត្រីនគរបាលដែលចូលបម្រើការងារថ្មី គឺត្រូវតែចេះអក្សរ និងត្រូវតែធ្លាប់ឆ្លងកាត់ការបណ្តុះបណ្តាលផ្នែកនគរបាល ទើបអនុញ្ញាតឲ្យចូលបម្រើការងារលើវិស័យនេះបាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង