នេះជារឿងគួរឲ្យភ្ញាក់ផ្អើលមួយផងដែរ នៅពេលដែលបានឃើញលោក ហេង យិន (ហៅចំប៉ីខ្មៅ) និងជាបុរសភេទទី៣ បានលេចមុខសារជាថ្មី ដោយបានធ្វើនូវរឿងដ៏មានប្រយោជន៍មួយនេះដ៏គួរឲ្យសរសើរ ពោលគឺផ្ទុយស្រឡះចំប៉ីខ្មៅ កាលពីមុន ដែលតែងធ្វើរឿងហាក់ក្អួតឡប់ អត់ប្រយោជន៍ នាំឲ្យតែគេគ្រប់គ្នាស្អប់ប៉ុណ្ណោះ។
ជាក់ស្តែង ចំប៉ីខ្មៅ កន្លងមកនេះ បានចែករំលែកចែករំលែកនូវរឿងអតីតកាលជូរចត់របស់ខ្លួនដែលធ្លាប់ឆ្លងកាត់ និងព្រមទាំងការស្ម័គ្រចិត្តព្រឹក្សាយោបល់ពីបញ្ហាច្បាប់ ជួយជនក្រីក្រដូចជាខ្លួន ជាដើម។
ដោយឡែក ថ្មីៗនេះ ចំប៉ីខ្មៅ បានធ្វើឲ្យគ្រប់គ្នាសម្តែងនូវការកោតសរសើរជាខ្លាំង ក្រោយពីបានឃើញរូបគេបានផ្លាស់ប្តូរផ្នត់គំនិតថ្មី ពីការកាត់បន្ថយការចំណាយច្រើនទៅលើរឿងអត់ប្រយោជន៍ ងាកមករឿងមានប្រយោជន៍ទាំងនេះវិញ តាមរយៈការទិញសៀវភៅជាចំណេះដឹងទាក់ទងផ្នែកច្បាប់ទាំងអស់។
តាមរយៈវីដេអូ ៣ នាទី និស្សិតផ្នែកច្បាប់ឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រូបនេះ បាននិយាយយ៉ាងរំភើបចិត្ត ដោយភ្ជាប់ជាមួយសំណេរខ្លីខ្លឹមថា៖ «លើកទី១ក្នុងជីវិត ដែលខ្ញុំអាចចូលបណ្ណាគាររើសសៀវភៅដែលខ្លួនស្រឡាញ់ ដែលត្រូវការ ដោយក្ដីរំភើបបំផុត នេះជាកាដូដែលជាទឹកចិត្តរបស់បងៗប្អូនពូមីងដែលបានឱ្យនាងខ្ញុំថ្ងៃចូលឆ្នាំចិនកន្លងទៅ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង